ចង់ទៅកន្លែង​ណាជាង​គេ ក្នុង​ចំណោម​៨​កន្លែង​នេះ? ណាត់​គ្នា​ដើរ​ម្ដង​ទៅ​.

បើ​មិន​ទាន់​មាន​ទេ ពី​សប្បាយ​ដើរ​ថ្ងៃ​សូម​ណែ​នាំ​ជូន​នូវ រមណីយដ្ឋាន​ កន្លែង​ សុទ្ធ​សឹង​ជា​កន្លែង​ដែល​មាន​ទេសភាព​ស្អាតៗ​ ​បរិយាកាស​ល្អ សក្តិសម​បំផុត​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ​ដ៏​សែន​រីករាយ​នេះ។  ១.​ ​ភ្នំ​ក្រោម ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​ លោក​អ្នក​អាច​អង្គុយ​បរិភោគ​អាហារ​ឆ្ងាញ់ៗ​តាម​បែប​លក្ខណៈ​ស្រុក​ស្រែ ជួប​ជុំ​គ្នា ក្នុង​តូប​ដែល​នៅ​ដាច់​ៗ​ពី​គ្នា​ សង់​ពី​ឈើ ដំបូល​ប្រក់​ស្បូវ គយគន់​ទេសភាព​មាត់​បឹង សួន​ផ្កា​ចម្រុះ​ពណ៌ ខ្យល់​បក់​រំភើយ​ៗ វា​ជា​ពេល​វេលា​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។


២.​ ​កំពង់​ភ្លុក ផ្ទះ​ខ្ពស់​ៗ​​ សសរ​ច្រូង​ច្រាង​ខ្វាត់​ខ្វែង ​ជាប់​នឹង​មាត់​ច្រាំង​នៃ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ខេត្ត​សៀម​រាប ដែល​គេ​គ្រប់​គ្នា​តែង​តែ​ហៅ​ថា​​ "ភូមិ​​អណ្ដែត​ទឹក​កំពង់​ភ្លុក" ។ លោក​អ្នក​អាច​​រីករាយ​ជាមួយ​និង​ការ​ជិះ​​ទូក​តូច​ៗ​គយ​គន់​មើល​ទេសភាព​ព្រៃ​លិចទឹក​ដែល​មាន​ទំហំ​៤៨​ហិច​តា​ដែល​មាន​តាំង​យូរ​ណាស់​មក​ហើយ​។


៣.​ ​ត្រាវកុដ្ឋ ​ជា​រមណីយដ្ឋាន​ដ៏​ប្រណិត និង​មនោរម្យ​​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ បល្ល័ង្ក ស្រុក ប្រាសាទ បាគង ខេត្ត​សៀមរាប។ រមណីយដ្ឋាន​មួយ​នេះ​​ស្ថិត​នៅ​ចំ​កណ្ដាល​រវាង​ក្រុង​សៀមរាប និង​ភ្នំ​គូលែន ប្រាសាទ​បន្ទាយ​ស្រី ប្រាសាទបាគង ប្រាសាទ​បឹង​មាលា​ និង​តំបន់​អង្គរ​ដោយ​បើក​បរ​ប្រហែល​២០នាទី ពី​ប្រលានយន្តហោះ​ថ្មី និង​ពី​ក្រុង​សៀមរាប។


៤.​ ក្ដាត​សាណាកា មាន​ទី​តាំង​ឋិត​នៅ​ផ្លូវ​ជាតិលេខ៣ ចន្លោះ​កំពត-កំពង់សោម ក្បែរ​ជើង​ភ្នំ​បូកគោ ជាប់​ដៃ​សមុទ្រ​នា​ភូមិ​ក្ដាត ដែល​មាន​ចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពត។ លោក​អ្នក​នឹង​បាន​ស្រស់​ស្រាយ​សប្បាយ​អារម្មណ៍​ជាមួយ​នឹង​ការ​ហូប​អាហារ​សមុទ្រ​ស្រស់ៗ និង​ការ​ស្នាក់​នៅ​ក្នុង​ពិភព​ធម្ម​ជាតិ​ពិតៗ។


៥.​ ល្អាង​កំពង់ត្រាច ស្ថិត​នៅ​ក្នុង​​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ ល្អាង​
កំពង់ត្រាច​មិន​ត្រឹមតែ​​ជា​កន្លែង​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​សម្រាប់​ធ្វើ​សក្ការបូជា​ថែមទៀត​ផង។ ​ប្រជាជន​មក​ពី​ទី​ជិត​ឆ្ងាយ​ ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ហើយ​ ក៏​អាច​បួងសួង​សុំ​សេចក្ដី​សុខ​ថែម​ទៀត​ផង។


៦.​ ឧទ្យាន​ដង​ព្រែក មាន​ទី​តាំង​ស្ថិត​នៅ​​ជិត​តំបន់​ទឹក​ធ្លាក់​ទឹក​ឈូ ដែល​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។ លោក​អ្នក​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​នៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ។ ហើយ​លោក​អ្នក​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មី ​បែប​ព្រឺព្រួច នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ។


៧.​ ទឹក​ធ្លាក់​ល្បាក់ខោន ឬ​ទឹក​ជ្រោះ​សុភ​មិត្រ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មាតុភូមិ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ទីនោះ​ជា​កន្លែង​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​កាត់​តាម​ថ្មដា​ ដែល​មាន​កម្ពស់​រហូតដល់​២៦ម៉ែត្រ ហើយក៏​ជា​ព្រំ​សី​មា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ដែរ​។


៨.​ អូរជាំ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ លក្ខណៈ​ពិសេស​សម្រាប់​តំបន់​កម្សាន្ត​មួយ​នេះ​គឺ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ជ្រោះ​ កាត់​ព្រៃ​ព្រឹក្សា ជាមួយ​មគ្គុទ្ទេសក៍​ប្រចាំ​តំបន់។ ជាង​នេះ​ទៀត​ គឺ​ការ​ងូត​ទឹក​លេង ភ្លក់​រស​ជាតិ​អាហារ​ពិសេស​ៗ ការ​បោះ​តង់​ក្បែរ​ទឹក​ជ្រោះ និង​ស្វែងយល់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ផ្ទាល់។ ក្រៅ​ពី​ការ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ពិតៗ​ហើយ លោក​អ្នក​ក៏​អាច​កម្សាន្ត​អារម្មណ៍​ជាមួយ​និង​ការ​ជិះ​គោ​យន្ត​ទស្សនា​ចម្ការ​ដំណាំ​របស់​អ្នក​ស្រុក​មាន​ដូចជា ពោត មៀន ម្រេច ស្រកានាគ ព្រម​ទាំង​អាច​ភ្លក់​ផ្លែ​ឈើ​ថ្មីៗ ស្រស់ៗ​​ក្នុង​ចម្ការ​ដោយ​ផ្ទាល់​តែ​ម្ដង។



អត្ថបទ៖ Sabay Der

រកឃើញតំបន់ដីដុះដ៏ធំមួយនៅកំពង់ស្ពឺ ស្អាតខ្លាំងមិនចាញ់ឧត្ដរមានជ័យឡើយ

បច្ចុប្បន្ន​នេះ​ដីដុះ​រលួស​ធំ​ក្នុង​ខេត្ត​ឧត្ដរមានជ័យបាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពី​សំណាក់​ភ្ញៀវ​ទេសចរ ដោយ​សារ​មាន​ដី​ច្រោះ​រំលេច​ចេញ​ជា​ទស្សនីយភាពប្លែក​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​រហូត​ក្រសួង​កំពុង​អភិវឌ្ឍ​ជា​តំបន់​ទេសចរ​ប្រវត្តិ​សាស្ត្រ​ទៀត​ផង។ 


  ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រទះ​ឃើញ​តំបន់​១ មាន​ដី​ដុះបញ្ចេញ​ក្បូរក្បាច់​​ប្លែកៗ នៅ​ជាប់ៗ​គ្នា​លើ​ផ្ទៃ​ដី​ដ៏​ធំ នៅ​ក្បែរ​ជើង​ភ្នំ​តូច​-ធំ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត។ បើ​តាម លោក ស៊ិន សាវន ជា​គ្រូ​បង្រៀន ក្នុង​ខេត្ត​កំពង់ស្ពឺ ទើប​តែ​បាន​ទៅ​តំបន់​នោះ បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ថា ដី​ច្រោះ​ដ៏​អស្ចារ្យ​នោះ ស្ថិត​នៅ​ភូមិ​បន្ទាយ​រការ ឃុំ​ក្រាំង​ដីវ៉ាយ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​ថា នៅ​ទីនោះ​មាន​ទេសភាព​ស្អាត​ខ្លាំង​កម្រ​បាន​ឃើញ មាន​ដើម​ឈើ​តូចៗ ដុះ​តាម​ជម្រាល​ភ្នំ​​ខ្ពស់​ទាប ពណ៌​ខៀវ​ខ្ចី។


អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ​ដី​ដុះ ដែល​កើត​ឡើង​ដោយ​សារ ​ទឹក​ហូរ​ចេញ​ពី​កំពូល​ភ្នំ​នានា បាន​ពាំនាំ​ដី​ទាំង​នោះ​បង្កើត​ឲ្យ​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​ប្លែក ប្រៀប​ដូចជា​ប្រាង្គ​ប្រាសាទ​ដូច្នោះ​ដែរ។ ប្រសិន​បើ​បាន​ទៅ​ដល់​ប្រាកដ​ជា​រំភើប​នឹង​សម្រស់​ធម្មជាតិ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ផង​នោះ ប្រាកដ​ជា​រំសាយ​អស់​នូវ​រាល់​ទុក្ខ​កង្វល់​ផ្សេងៗ។


ប្រសិន​បើ​ចង់​ទៅ​ដល់​ទីតាំង​នោះ ត្រូវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៤ ប្រមាណ​៧០​គីឡូម៉ែត្រ​ហួស​ផ្សារ​ត្រពាំង​ក្រឡឹង​បន្តិច ប្រិយ​មិត្ត​នឹង​ឃើញ​ខ្លោងទ្វារ​វត្ត​ព្រៃ​រមៀត នៅ​ខាង​ស្ដាំ​ដៃ។ ចូល​តាម​ខ្លោងទ្វារ​វត្ត​នោះ​ទៅ​ត្រង់​រហូត ប្រមាណ​ជាង​២០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​សាលា​ឃុំ​ក្រាំង​ដីវ៉ាយ។ សាកសួរ​មន្ត្រី​សាលា​ឃុំ​បន្ថែម ប្រិយ​មិត្ត​ប្រាកដ​ជា​ទៅ​ដល់​តំបន់​នោះ ដោយ​មិន​ពិបាក​រក​ឡើយ៕



អត្ថបទ៖ Sabay News

អូរសោម ជង្រុកសម្បត្តិធម្មជាតិមហាសាល ល្អបំផុតសម្រាប់អ្នកចូលចិត្ត Adventure

សហគមន៍​ទេសចរណ៍​អូរសោម នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់ ជា​ទី​​ប្រជុំ​ដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល កម្រ​មាន​អ្នក​ទៅ​ដល់​បំផុត។ លោក គាំ វិទូ ជា​អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ធ្វើ​ការ​ផ្សងព្រេង​ទៅ​តំបន់​ធម្មជាតិ​នានា ក្នុង​ប្រទេស​កម្ពុជា បាន​ទៅ​ដល់​សហគមន៍​ទេសចរណ៍​អូរ​សោម និង​បាន​ប្រទះ​ឃើញ​ទស្សនីយភាព​​ដ៏​អស្ចារ្យ​ជា​ច្រើន​មិន​នឹក​ស្មាន​ដល់​នៅ​ទីនោះ។


ទឹកធ្លាក់ឆាយរការ អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ផ្ដិត​ការ​ថត​រូប​នេះ ប្រាប់​ថា ក្នុង​សហគមន៍​ទេសចរណ៍​អូរ​សោម ភ្ញៀវ​ទេសចរ អាច​សម្រាក​ផ្ទះ​ស្នាក់​របស់​អ្នក​ស្រុក មាន​អាហារ​ប្រចាំ​តំបន់​​ប្លែកៗ និង​មាន​មគ្គុទ្ទេសក៍ នាំ​ដើរ​កម្សាន្ត​ក្នុង​សហគមន៍​ទៅ​កាន់​តំបន់​ប្លែក​ៗ​ជា​ច្រើន។ ក្នុង​នោះមាន​ដូចជា​ទឹក​ធ្លាក់​រហូត​ទៅ​ដល់​៧​កន្លែង​ផ្សេងគ្នា មាន​បឹង​ដ៏​ធំ ទស្សនា​ក្រពើ​ព្រៃ និង​តំបន់​វាលវែង​គ្រប​ដណ្ដប់​ដោយ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។


យៈ​ពេល​២​ថ្ងៃ​ដែល វិទូ បាន​ទៅ​ដល់​សហគមន៍​ទេសចរណ៍​អូរសោម កាល​ពី​ដើម​ខែ​មេសា បាន​រៀប​រាប់​ប្រាប់ Sabay ថា លោក​បាន​ទៅ​ដល់​ទឹក​ធ្លាក់ ឆាយរការ មាន​ទេសភាព​ស្អាត​ខ្លាំង ហើយ​អ្នក​ស្រុក​ប្រាប់​ថា​កម្រ​មាន​អ្នក​ទៅ​ដល់​ណាស់។ លោក និង​មិត្ត​ភក្ដិ បាន​ជួល​ម៉ូតូ​ជិះ​កាត់​ផ្លូវ​លំ​តូចៗ មាន​ចម្ការ​ចេក​របស់​អ្នក​ស្រុក ត្រូវ​ឆ្លង​កាត់​ផ្លូវ​ឡើង​ចំណោត ចុះ​ចំណោត និង​ឧបសគ្គ​ជា​ច្រើន រហូត​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ។ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ការ​ផ្សងព្រេង​នោះ​ឥត​ប្រយោជន៍​ឡើយ ព្រោះ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​នៅ​ទី​នោះ បាន​ធ្វើ​ឲ្យ​ភាព​ហត់​នឿយ​ធូរ​ស្បើយ​មួយ​រំពេច។


ក្រៅ​ពី​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ វិទូ ក៏​បាន​ទៅ​ដល់​ទឹក​ធ្លាក់​មួយ​កន្លែង​ទៀត​មាន​ឈ្មោះ​ថា ​ឆាយ​ប្រុយ មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ប្រជុំ​ជន​អូរសោម​ឡើយ។ វិទូ ប្រាប់​ថា បើ​ធ្វើ​ដំណើរ​ពី​កោះកុង​មក​ខេត្ត​ពោធិ៍សាត់ តាម​ជួរ​ភ្នំ​ក្រវាញ​ អាច​ឆៀង​ចូល​តំបន់​ទឹកធ្លាក់​នេះ​យ៉ាង​ងាយស្រួល តែ​បើ​យើង​មក​ពី​ខេត្ត​ពោធិ៍សាត់​វិញ ត្រូវ​ធ្វើ​ដំណើរ​ហួស​ទី​ប្រជុំជន​អូរសោម ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ​ទៀត​ទើប​ដល់។ សហគមន៍​ទេសចរណ៍​អូរសោម ស្ថិត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ ១៥៣​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត៕




ទឹកធ្លាក់​ឆាយ​ប្រុយ


 អត្ថបទ៖ Sabay News

ភ្នំថ្ម​ ណាមលៀរ​ កន្លែង​ផ្សងព្រេងដ៏​រំជើបរំជួល​


មណ្ឌលគិរី: ជា​តំបន់​សម្បូរ​រុក្ខជាតិ​នាំ​សំណាង​ដើម​អង្គាសីល​ដែល​ប្រជាពលរដ្ឋសែ​ស្រឡាយ​ចិន​ ឬ​វៀតណាម​និយម​ទិញមក​លម្អគេហដ្ឋាន​ក្នុងថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិនវៀតណាម​ ភ្នំណាម​លៀរ ឬ​​ភ្នំ​លុប្រាណ​ ​រមណីយដ្ឋាន​ថ្ម​ភ្នំមួយ​ដុំដុះ​បន្តុប​កណ្ដាល​ព្រៃជាទីឋានគយ​គន់​ទេសភាព​ដ៏​រំជើបរំជួល។ ភ្នំណាមលៀរ ស្ថិត​ក្នុងភូមិទី ១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ​នៅ​ភាគខាង​ជើង​ក្រុង​សែនមនោរម្យ​​នៃទីប្រជុំជន​ខេត្ត​មណ្ឌលគិរី​ជាប់​នឹងព្រំ​ប្រទល់​ប្រទេស​វៀតណាម ស្វាគមន៍​ភ្ញៀវ​​ទេសចរ​ជាតិ និង​​អន្ដរជាតិ​ជារៀងរាល់​ថ្ងៃ​ ជាពិសេស រដូវ​បុណ្យ​ចូលឆ្នាំចិនវៀតណាម​ និង​ថ្ងៃ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ឆ្លងកាត់​ចម្ការ​កៅស៊ូ​ដ៏ធំឆ្ងាយ​​ដាច់​កន្ទុយភ្នែក​ក្រោយ​ពី​ធ្វើ​ដំណើរ​​ចេញ​ពី​ផ្លូវ​បំបែក​រមណីយ​ដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា​ លោកអ្នក​នឹង​អាច​មើល​ឃើញភ្នំ​ថ្មត្រងោលធំ​មួយ។ តួភ្នំ​ទាំង​មូល​ហាក់បី​ដូចជា​បង្កើតឡើង​ថ្មមួយ​ដុំ​ដែល​គ្មានសភាព​រដិប​រដុប​អ្វីឡើយ។ ​​ ទោះបីជា​អាច​មើល​ឃើញភ្នំ​ថ្ម​ដ៏ធំ​នេះពី​ចម្ងាយ​យ៉ាង​ណា​ក៏ដោយ ក៏​ភ្ញៀវ​ទេសចរ​ភាគច្រើន​មានការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផ្លូវឡើង​ដោយងាយស្រួល​ ដោយ​សារ​គ្មាន​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ ខណៈ​ស្លាក​ដ៏​តូច​មួយ​ដែលនៅ​ក្បែរផ្លូវបត់លើ​កំពូល​រលុបអក្សរ​អស់ និង​ធ្លាក់​រប៉ាត់រប៉ាយ​។


ពេល​ធ្វើ​ដំណើរ​ផុត​ចម្ការ​កៅស៊ូ​ មាន​ផ្លូវតូច​មួយ​ខ្សែ​ឆ្ពោះ​ទៅកាន់​កំពូល​ភ្នំ​។ វា​ស័ក្ដិសមសម្រាប់​អ្នក​ជិះ​ម៉ូតូ​ជាងការ​បររថយន្ដ​ពីព្រោះ​វាប៉ុន​នឹង​ផ្លូវ​រទេះ និង​​មាន​ចំណុច​ពិបាកដោយ​អន្លើៗ។ ប៉ុន្ដែ​ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ដ​របស់​លោក​អ្នកកាន់តែ​មានន័យ​ ចូរ​សាក​ល្បង​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ ហើយ​កុំភ្លេចគយ​គន់​ព្រៃ​ព្រឹក្សា ចម្ការ​ ការ​បរ​​បាញ់​ជ័រ​រាំង​របស់​កុមារ​តូច​ៗ និងកំណាត់​​ឈើ​ត្រូវ​បាន​រលំផង។ ដើម្បីសុវត្ថិភាព និង​មិន​ចំណាយ​​ពេល​ឥតប្រយោជន៍​ ចំពោះ​អ្នក​ប្រពាតព្រៃ​ថ្មី​ថ្មោង ពួក​គេ​គួរតែ​រក​ម្ចាស់ស្រុកណា​ម្នាក់​ជួយ​ណែនាំ​។ ភាព​រំជើប​រំជួល​ចាប់​ផ្ដើម​ឡើង​នៅពេល​​ឈាន​ជើង​ជាន់​ភ្នំ​ថ្មដ៏ចោត ​រួចបោះជំហាន​មួយៗ​ដោយ​សម្លឹង​ទៅ​មុខ​ តែ​មិនហ៊ាន​ចោល​កន្ទុយ​ភ្នែក​ទៅ​ខាងក្រោម​ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ញ័រជើង។


ការ​​ឡើង​ចំណោត​ជម្រាល​ភ្នំថ្មកាន់តែ​ខ្ពស់ ​ភ្ញៀវ​ទេសចរ​ដែល​ខ្លាចខ្ពស់​​ បាននិយាយ​ទាំង​ការភិត​ភ័យ​ថា​៖ «ពិត​ជា​ស្រៀវ​ឆ្អឹងខ្នងណាស់​វា​មិន​ត្រឹម​តែ​ចោត​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែវាថែម​ទាំង​មិនមាន​កាំ​ជណ្ដើរ​សម្រាប់​ជាន់ឡើងទៀត​»។ ជាមួយ​នឹង​សណ្ឋាន​គ្រើមៗ​នៃ​តួ​ភ្នំ វាហាក់​អំណោយ​ផល​សម្រាប់​ការ​ពាក់​ស្បែក​ជើងប៉ាតា ឬ​ស្បែក​ជើង​ក្រ​ឡាក្រាស់​ក្នុង​ការ​ជាន់​ឡើង​ជាង​ការពាក់ស្បែក​ស៊ក​ ឬ​ផ្ទាត់​ដែល​អាច​រអិលញើស​សើមៗ។ នៅ​លើកំពូល​ភ្នំ​ថ្ម​នេះ លោក​អ្នក​នឹង​បាន​ឃើញឈ្មោះជា​ច្រើន​ដែល​សរសេរ​ដោយ​អ្នកបាន​ទៅដល់​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ និង​ពំនូក​ថ្មបន្តុបជាច្រើន​ទៀត​។ ​ដោ​យ​មិន​មាន​ការ​វាស់​វែងត្រឹមត្រូវ ភ្ញៀវ​ដែល​មាន​បទ​ពិសោធ​បានឡើង​ភ្នំនេះ បាន​ប្រាប់ខុស​ៗ​គ្នា​​ថា ភ្នំ​ណាមលៀរ​​នេះ មានកម្ពស់ ២០០ ម៉ែត្រ ជាង​ ២០០ ម៉ែត្រ ឬ​ ៣០០ ម៉ែត្រ អាស្រ័យ​ទីតាំង​ដែល​ពួកគេ​ឈរ​ធៀប​នឹង​ចុងឈើនៅ​ពីក្រោម​។

ការ​គយគន់​​ទស្សនីយភាព​ពី​កំពូល​ភ្នំ​ ការ​ចារ​ឈ្មោះទុកជា​អនុស្សាវរីយ៍ និង​ការ​ថត​រូប​កម្សាន្ដ​ទាំង​នៅលើ​តួ​ភ្នំ ព្រៃ​ព្រឹក្សា​ ឬ​សែលហ្វី​គឺជា​ស​កម្មភាព​ដ៏ពេញនិយម​របស់​ក្រុម​យុវវ័យ។នៅ​មាន​សកម្មភាព​គួរ​ឲ្យចាប់អារម្មណ៍​ផ្សេង​ៗ​ ដូចជា ការ​បន់​ស្រន់​របស់​ជនជាតិ​ដើម​ព្នង​តាម​អបិយ​ជំនឿរបស់​ពួក​គេ និង​ការ​ទស្សនា​ជំរំ​ដើម​ផ្កា​អង្គាសីល​ផង​ដែរ​។ យ៉ាងណាមិញ ការ​ធ្វើ​ដំណើរ​ក​ម្សាន្ដ​ឡើងភ្នំថ្ម​ដ៏ចោតផុស​កណ្ដាល​ព្រៃ​ព្រឹក្សា​ប្រភេទ​នេះ​ស័ក្ដិសម​សម្រាប់​​អ្នក​ផ្សង​ព្រេង​ ពុះពារ​ជម្នះ​ការ​នឿយ​ហត់​ ជាពិសេស អ្នក​មិន​ខ្លាច​ខ្ពស់​៕

Source: Phnom Penh Post

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង៧ នៅ​កម្ពុជា

គិត​មកដល់​ពេល​នេះ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន ៧​ហើយ ដែល​ក្នុងនោះ​ចែកជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​៤។


 ១. តំបន់​អង្គរវត្ត > (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

 ២. របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។


៣. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។


៤. ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។


៥. ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។


៦. ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។


៧. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ៕



អត្ថបទ៖ សំភី

ទេសភាពស្ងប់ស្ងាត់ បរិយាកាសរ៉ូមេនទិចជាមួយនឹងកោះតាគាវ

ដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ភាគច្រើនគេនិយមទៅកម្សាន្តតាមឆ្នេរនានាឬកោះដែលសម្បូរមនុស្សទៅលេងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តកោះដែលស្ងប់ស្ងាត់អាចទៅកម្សាន្តបាននៅកោះតាគាវ (ឬក៏ហៅបានថា Ile de la Baie ដែលជាឈ្មោះនៅជំនាន់អាណានិគមបារាំង)។ កោះតាគាវស្ថិតនៅក្នុងខេត្តព្រះសីហនុ ចម្ងាយ៤គីឡូម៉ែត្រពីឆ្នេរអូត្រេះ និងប្រហែល១គីឡូម៉ែត្រពីឧទ្យានជាតិរាម។ ដើម្បីទៅដល់កោះនោះ យើងត្រូវជិះទូកប្រហែល១ម៉ោងពីឆ្នេរអូត្រេះ (ដែលសំបុត្រតម្លៃ១២ដុល្លារក្នុងម្នាក់)។






ចំណែកឯកន្លែងស្នាក់នៅទីនោះក៏មានជាបឹងកាឡូដែលអាចជ្រើសរើសស្នាក់នៅបាន (មានតម្លៃ១៥ដុល្លារក្នុងមួយយប់ ប៉ុន្តែគ្មានកង្ហារ ឬអំពូលអគ្គិសនីទេ គឺមានតែទៀន)។ សម្រាប់ហាងអាហារនៅទីនោះមានជាអាហារបរទេស ឬអាចជ្រើសរើសអាហារគ្រឿងសមុទ្រក៏បាន។        


មិនត្រឹមតែអាចហែលទឹកសមុទ្រ សម្រាកលំហែកាយ និងភាពស្ងប់ស្ងាត់នោះទេ យើងក៏អាចទៅកម្សាន្តភូមិនេសាទដែលនៅលើកោះនោះបានទៀត។ កោះតាគាវគឺពិតជាកន្លែងដ៏អស្ចារ្យ សម្រាប់ដំណើរកម្សាន្តអ្នករាល់គ្នា។





ប្រភព៖ Something by Evan ប្រែ​សម្រួល៖ chanvutha yin

ចង់ជិះរថភ្លើងកម្សាន្តរវាងភ្នំពេញ-ព្រះសីហនុ អាចឆែកកាលវិភាគ និងតម្លៃបាន

ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានបង្ហាញកាលវិភាគ និងតម្លៃធ្វើដំណើរតាមរថភ្លើង ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០១៧នេះ។ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា ជាមួយតម្លៃសំបុត្រចាប់ពី ៤ដុល្លារ ដល់ ៧ដុល្លារអាមេរិក លោកអ្នកពិនិត្យមើលតារាងកាលវិភាគដូចខាងក្រោម៖




គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៨ម៉ោង ឆ្លងកាត់ខេត្តតាកែវ និងកំពត ដោយរថភ្លើងចុះចតសម្រាក នៅតាមស្ថានីយ៍នានាផងដែរ៕



Source: https://www.facebook.com/sharer.php?u=https%3A%2F%2Fpostnews.com.kh%2Fbusiness%2F153428

ចេតិយ​​ព្រះ​នាង​ក្រពុំ​ឈូក​ ​ល្បី​ស័ក្ដិសិទ្ធិ​ សម្តេច​សីហនុ​ ​ធ្លាប់​បន់​ស្រន់​ទទួល​បាន​ឯករាជ្យ

ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក​ ​ដែល​​ស្ថិត​នៅ​ក្នុង​វត្ត​សសរ​១០០​ ​នា​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ​ល្បី​ល្បាញ​ថា ​​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់​ សូម្បី​​អតីត​ព្រះ​មហា​វីរក្សត្រ ⁣ព្រះ​បរម​រតន​កោដ្ឋ⁣⁣⁣⁣ ព្រះ​ករុណា​ព្រះ​បាទ⁣ សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​ធ្លាប់​​យាង​ទៅ​​បន់​ស្រន់​ទី​នោះ​​ ​សុំ​ឲ្យ​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ពី​បារាំង បាន​សម្រេច​នៅ​ឆ្នាំ​​១៩៥៣​ផង​ដែរ។


ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក ចន្លោះ​ឆ្នាំ​១៨៦៣​ ដល់​ឆ្នាំ​១៩៥៣ សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​​យាង​​ទៅ​បន់​ស្រន់​នៅ​ព្រះ​រាជ​​ចេតិយ​​នេះ​ ដើម្បី​សុំ​ឲ្យ​​ប្រទេស​កម្ពុជា​ រួច​ផុត​ពី​អាណានិគម​បារាំង​ ​ហើយ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ​ក្រោម​ព្រះ​រាជ​បូជនីយកិច្ច​ ទាមទារ​ឯករាជ្យ​​របស់​ព្រះ​អង្គ​ ពិត​ជា​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ធេង ជា​ប្រវត្តិសាស្ត​​មែន។


​​“ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ហើយ​ សម្ដេច​សីហនុ ​ក៏​​មិន​​ភ្លេច​​មក​លា​បំណន់​​ចេតិយ​នេះ​ដែរ។ ព្រះ​អង្គ​បាន​មក​ជួយ​ស្ថាបនា​ចេតិយ​នេះ​ជា​ថ្មី ​និង​សម្ពោធ​នៅ​ឆ្នាំ​១៩៥៦។ ​បន្ទាប់​ពី​​​​​របប​ ប៉ុល ពត​ ព្រះ​វិហារ​សសរ​១០០ និង​ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​ ​បាន​ខូច​ខាត​យ៉ាង​ខ្លាំង ហើយ​ក្រោយ​មក​ទើប​​ព្រះ​គ្រូ​ចៅ​អធិការ ​ពុទ្ធ​បរិស័ទ ​​ព្រម​ទាំង​ការ​ជួយ​​ជ្រោមជ្រែង​ពី​រាជ​រដ្ឋាភិបាល ​បាន​កសាង​ជា​ថ្មី​ទៀត​ ​និង​ដាក់​សម្ពោធ​​​បញ្ចុះ​សីមា នៅ​​ឆ្នាំ​១៩៩៧”។ ​​តា​អាចារ្យ​ វ័យ​៧១​​ឆ្នាំ បាន​បញ្ជាក់។ ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​ ​​ត្រូវ​បាន​ព្រះ​បាទ​អង្គ​ចន្ទ​​រាជា (បិតា​របស់​ព្រះ​នាង) ​កសាង​ឡើង​នៅ​ឆ្នាំ​១៥២៩ ​ហើយ​ព្រះ​រាជ​ចេតិយ​នេះ​​ក្រោយ​មក ក៏​មាន​បញ្ចុះ​​ព្រះ​រាជ​អដ្ឋិធាតុ​ព្រះ​សត្ថា​ទី​១ ព្រះ​ជ័យ​ជេដ្ឋា​ទី​១ ​ព្រះ​រាជ​សំភារ​ចៅ​
ព​ញាតូ ព្រះ​នាង​ព្រះ​ម៉ែ​យួ​បុប្ភាវតី និង​ព្រះ​ធាតុ​ ព្រះ​រាជ​​វង្សានុវង្ស​ជា​ច្រើន​អង្គ​ទៀត៕

ព្រះវិហារវត្តសសរ​១០០​






អត្ថបទ៖ វិន ជីវ័ន្ត​

អត្ថន័យ​«កង​ចក្រ​»​​និម្មិត​សញ្ញា​ខេត្ត​ស្ទឹងត្រែង​ដែល​មនុស្ស​ភាគ​ច្រើន​កម្រ​បាន​ដឹង

ពេល​ឈាន​​ដល់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​យ៉ាង​ច្បាស់​អំពី​រូប​​ចម្លាក់​​«​កង​ចក្រ​»​ដែល​ជា​និម្មិត​រូប​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។ យ៉ាង​ណា​មិញ​ មនុស្ស​មួយ​ចំនួន​បាន​ដឹង​​​ពី​អត្ថន័យ​នៃ​រូប​​ចម្លាក់​នេះ​ ប៉ុន្តែ​ជឿ​ជាក់​​ថា​ នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ដឹង​​ពី​អត្ថន័យ​​របស់​វា​ឡើយ។




 តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អ៊ន់ ប៉ោសឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹង​ត្រែង​បាន​ប្រាប់​ក្រុម​ការងារ​«ផ្លូវ​ទៅ​ស្រុក»​ថា​ ​សម្រាប់​និម្មិត​សញ្ញា​​«កង​ចក្រ​»​នេះ​មាន​អត្ថន័យ​គ្រប់​គ្រាន់​​សម្រាប់​តំណាង​ឲ្យ​ខេត្ត​ដ៏​មាន​សក្ដានុពល​​​ផ្នែក​ទេសចរណ៍​មួយ​នេះ។ នៅ​ជុំ​វិញ​​​​«កង​ចក្រ​»​​​មាន​ចក្រ​ទាំង​អស់​ចំនួន​១៧​​ដែល​​តំណាង​ឲ្យ​ជន​ជាតិ​ទាំង​​អស់​ចំនួន​១៧​​ដែល​មាន​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ទាំង​ជន​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ខ្មែរ​​ភាគ​តិច​ជា​ច្រើន​ទៀត​​ដែល​សរុប​ទាំង​អស់​មាន​១៧​ ដូច្នេះ​ហើយ​ទើប​បាន​ជា​គេ​ធ្វើ​កង​ចក្រ​នេះ​ឡើង​ដើម្បី​តំណាង​ឲ្យ​ខេត្ត​ស្ទឹង​ត្រែង។ ​ ​ស្ទឹង​ត្រែង​​ជា​ខេត្ត​មួយ​ដែល​សំបូរ​ទៅ​ដោយ​​សម្បត្តិ​​ទេសចរណ៍​ធម្មជាតិ​ និង​​វប្បធម៌​ប្រពៃណី​​ជន​ជាតិ​ភាគ​តិច។ ​ខេត្ត​​នេះ​មាន​ទន្លេ​ពីរ​ប្រសព្វ​គ្នា​​គឺ​​ទន្លេ​មេគង្គ​ និង​ទន្លេ​សេកុង​ដែល​បាន​ក្លាយ​ជា​ទន្លេ​មុខ​បួន​ប្រៀប​ដូច​ជា​ទន្លេ​ចតុមុខ​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ។​ ស្ទឹង​ត្រែង​​សំបូរ​ដោយ​តំបន់​ទេសចរណ៍​លក្ខណៈ​ធម្មជាតិ​ និង​តាម​រដូវ​កាល៕






អត្ថបទ៖ ជាន ចាន់រ៉ា

លក្ខណៈសម្បត្តិ​ខេត្តរតនគិរី​ដ៏​ប្រសើរ​គួរ​គាប់​ទៅ​កម្សាន្ត



ខេត្តរតនគិរី ៖ ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៥៨៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្តរតនគិរី​មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង និង​ស្រុក​៨ គឺ​ស្រុក​អូរ​ជុំ​, វ៉ើ​ន​សៃ​, កូន​មុំ​, លំ​ផាត់​, តា​វែង​, ប​កែវ​, អណ្តូង​មាស និង​អូ​រយ៉ា​ដាវ ។ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​១០.៧៨២​ម៉ែត្រការ៉េ ។ រតនគិរី​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​រតនសម្បត្តិ​ធម្មជាតិ​ប្រកប​ទៅ​ដោយ​ភាព​ស្រស់បំព្រង និង​ជា​ភូមិកំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ មាន​ដូច​ជា ជនជាតិ​ទំពួន​, ចា​រាយ​, គ្រឹ​ង​, ព្រៅ​, កា​វ៉ែត​,​កាចក់​, ព្នង​, លន់ និង​ឡាវ ជាដើម ។  


អ្នកទេសចរ​អាច​ទៅ​ទស្សនា និង​ឈ្វេងយល់​ដោយ​ផ្ទាល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​រស់នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ ផ្សេង​ៗ​ជា​ច្រើន​ទៅ​តាម​អំបូរ​នៃ​ជនជាតិ​ដើម​ភាគតិច ។ ក្រុង​បាន​លុង គឺជា​ទីប្រជុំជន​របស់​ខេត្តរតនគិរី​ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជួរ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់​ជា​ច្រើន​កន្លែង​និង​បឹង​ធម្មជាតិ​ដែល​ក្លា​យមក​ពី​ប​ន្ទុះ​ភ្នំភ្លើង​ច្រើន​សតវត្ស​មក​ហើយ ។ ខុស​ប្លែក​ពី​ទីរួមខេត្ត​ដទៃ​ទៀត​ដែល​សល់​ពី​មុន​មក​សំណង់ ចាស់​ៗ​ជា​ច្រើន ឯ​ក្រុង​បាន​លុង​សុទ្ធសឹងតែ​សាងសង់​ថ្មី​ទាំងអស់​បន្ទាប់​ពី​របប​ប៉ុ​ល ពត មក ។

 នៅ​ចំ​កណ្តាល​ទីក្រុង​នេះ​មាន​ផ្សារ​មួយ​«​ឈ្មោះ​ផ្សារ​បាន​លុង​» ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក្នុងស្រុក​ដ៏​ធំ​បំផុត​របស់​ខេត្ត ។ ក្នុង​រយៈពេល ថ្មី​ៗ​កន្លង​មក​បាន​សាងសង់​ផ្សារ​ថ្មី​មួយទៀត​ឈ្មោះ​«​ផ្សា​រតាយ​សេង​» នៅ​ភាគ​ខាងលិច​នៃ​ក្រុង​បាន​លុង ក្នុង​សង្កាត់​កាចា​ញ ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរការ​លក់ដូរ​នៅឡើយ​ទេ ។ រាល់​ផលិតផល​ក្នុងស្រុក​ទាំងអស់​ដូច​ជា​ផ្លែ​ឈើ បន្លែបង្ការ ត្រី​សាច់ សម្ភារ​ប្រើប្រាស់​ផលិត​ដោយ​អ្នកស្រុក​រួម​ទាំង​ផល​អនុ​ផល​ព្រៃឈើ​មួយ​ចំនួន​ទៀត​ក៏​មាន​លក់​នៅ​ទីនោះ​ដែរ ។ ឯ​រាល់​កសិផល​ទាំងអស់​ក្នុង​ខេត្តរតនគិរី​សុទ្ធ​សឹង​ជា​កសិផល​ធម្មជាតិ​ដាំ​ដុះ​ដោយ​គ្មាន​ការ​ប្រើប្រាស់​ជីគីមី​ទេ លើកលែងតែ​កសិផល​ខ្លះ​ដែល​នាំ​ចូល​ពី​រាជធានី​ភ្នំពេញ ឬ​ពី​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ។ នៅ​ពេល​ព្រលឹម ស្រាង​ៗ​ផ្សារ​ក្រុង​បាន​លុង​ចាប់ផ្តើម​សកម្មភាព​មមាញឹក​របស់​ខ្លួន​រវាង​អតិថិជន និង​អ្នកលក់​ដូរ​ដែល​ភាគច្រើន គឺ​ជនជាតិ​ដើម​ភាគតិច​បាន​ទូល ឬ​ស្ពាយ​ផលិតផល​របស់​ខ្លួន​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ ។

 វា​គឺជា​អនុស្សាវរីយ៍​មួយ​សម្រាប់់​អ្នកទេសចរ​ទាំងឡាយ​ដែល​បាន​ទៅ​ទស្សនា​ឈ្វេងយល់​ពី​សកម្មភាព​លក់ដូរ​នៅ​ឯ​ផ្សារ​បាន​លុង ខណៈ​ដែល​រៀង​រាល់​ព្រឹក​គេ​បានឃើញ​សកម្មភាព​អ៊ូអរ​មមាញឹក​រវាង​កសិករ និង​ពាណិជ្ជករ​ទិញ​-​លក់ទំនិញ​របស់​ពួក​គេ ។ ផលិតផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​ទីនោះ គឺ​ប្លែក ហើយ​ក៏​ពុំ​មាន​លក់​នៅ​ផ្សារ​ទូទៅ​ទេ ។ កសិផល​ដាំ​ដុះ​តាម​បែប​ធម្មជាតិ​នៅ​ផ្សារ​បាន​លុង​មាន​តម្លៃ​ទាប​ជាង​ផ្សារ ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ 

ក្នុង​ក្រុង​បាន​លុង​មាន​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​សម្រាប់់​អ្នកទេសចរ​ស្នាក់​នៅ​ហើយ​លក់​ម្ហូបអាហារ​ច្រើន​ប្រភេទ​តាម​តម្រូវការ​របស់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​ខេត្តរតនគិរី​មាន​ទីក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជួរ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់ និង​បឹង​ធម្មជាតិ ដែល​ក្លា​យមក​ពី​ប​ន្ទុះ​ភ្នំភ្លើង​ជា​ច្រើន​សតវត្ស​មក​ហើយ នោះ​គឺ​បឹង​យក្ស​ឡោម​ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ​គួរ​ឱ្យ​អារម្មណ៍​បំផុត​ក្នុង​ខេត្តរតនគិរី ។

 រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ស​ឡោម គឺជា​បឹង​មួយ​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​នៃ​ខេត្ត​រត​គិរី​មាន​អង្កត់ផ្ចិត​ប្រមាណ​ជា​៨០០​ម៉ែត្រ និង​ជម្រៅ​៤៨​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ វា​កើតឡើង​ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ចាស់​ជា​ច្រើន​សតវត្ស​មក​ហើយ ។ ពី​ដើម​ឡើយ​បឹង​នោះ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​កណ្តាល​ទ្រូងព្រៃ​ប្រៀប​ដូច​ជាទី​ឋាន​ដ៏​សុខដុមរមនា​សម្រាប់់​ពពួកសត្វ​ព្រៃ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​កាប់​ឆ្ការ រុករាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ដាំ​ដំណាំ​កសិផល​អស់ហើយ មាន​តែ​បរិវេណ​ជុំវិញ​បឹង​ប៉ុណ្ណោះ​ដែល​នៅ​សល់ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ការ​រំលោភ​ផង​ដែរ​ពី​អ្នកមាន​អំណាច​មួយ​ចំនួន ។ បឹង​យក្ស​ឡោម​ប្រៀប​ដូច​ជា​មេដែក​ឆក់​សម្រាប់​ស្រូប​ទាញ អង្រួន​បេះ​ដូ​អ្នកទេសចរ​ឱ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ដោយ​ខាន​ពុំ​បាន​ឡើយ ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ដល់​ខេត្តរតនគិរី ។ ទឹក​បឹង​ដែល​ជា​និច្ចកាល​ត្រជាក់ស្រេង ថ្លាឈ្វេង​ឆ្លុះ​ពណ៌​ជាមួយនឹង​ព្រៃឈើ​ខៀវស្រងាត់​នៅ​ព័ទ្ធ​ជុំវិញ​មាត់បឹង​នោះ ដែល​អម​ដោយ​សំឡេង​បក្សាបក្សី​ស្រែកយំ​យ៉ាង​គ្រលួច បឹង​យក្ស​ឡោម​បាន​ក្លាយជា​គោលដៅ​សម្រាប់​អ្នកទេសចរ​មុជទឹក​ហែល​កម្សាន្ត​អារម្មណ៍ និង​ដើរ ឬ​ជិះ​កង់​ទស្សនា​កម្សាន្ត​ទេសភាព​ស្រស់​ត្រកាល​ព័ទ្ធ​ជុំវិញ​មាត់បឹង​នោះ​ដែល​ពេល​ខ្លះ​អាច​ឱ្យ​គេ​ពើបប្រទះ​សត្វ​បក្សាបក្សី ឬ​ក៏​សត្វ​ម្រឹគីម្រឹគា ផ្សេង​ៗ​ទៀត​ក៏​មាន​ដែរ ។ ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​មាន​ជំនឿ​ថា ទឹក​បឹង​យក្ស​ឡោម​មានព្រលឹង​វិញ្ញាណ ហើយ​ពួក​គេ​ទាំងអស់​គ្នា​តែងតែ​គោរព​បូជា និង​មានការ​បន់ស្រន់​ប្រាថ្នា​សូម​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ការពារ​ពួក​គេ និង​ទឹកដី​បុព្វបុរស​ផង​ខ្លួន​ឱ្យ​នៅ​គង់វង្ស​ជា​និច្ច ។ 

ប្រជាជន​ខ្លះ​បាន​ផ្តល់​ជូន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​នូវ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​សិប្បកម្ម កសិកម្ម​ជា​ច្រើន​មុខ ដែល​ផលិត​ដោយ​ជនជាតិ​ដើម​ភាគតិច​នៅ​មូលដ្ឋាន​ក្បែរ​ៗ​នោះ ។ បឹង​យក្ស​ឡោម​ជា​បឹង​ធម្មជាតិ​មួយ​ស្អាត​អស្ចារ្យ​មាន​ទីតាំង​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ខាងកើត​ក្រុងយក្ស​ឡោម ។ មានរឿង​ព្រេង​មួយ​ទាក់ទង​នឹង​បឹង​យក្ស​ឡោម ហើយ​បាន​និទាន ត​ៗ​គ្នា​ដោយ​ប្រជាជន​នៅ​មូលដ្ឋាន ។ រឿងព្រេង​នោះ​និទាន​ថា កាលពីព្រេងនាយ​មាន​ស្តេច​យក្ស​មួយ​អង្គ​មាន​ឫទ្ធា​អំណាច​ខ្លាំង​អស្ចារ្យ ហើយ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់់​ទាំង​សក់ ទាំង​រាង​កាយ​របស់​បុត្រី​នោះ​តែងតែ​សាយភាយ​ចេញ​ក្លិនក្រអូប​ជា​ប្រចាំ ដូច្នេះ​ស្តេច​យក្ស​បាន​ដាក់​ឈ្មោះ​បុត្រី​ថា ព្រះ​នាង «​សក់​ក្រអូប​» ។ នៅ​ពេល​នាង​ធំ​ពេញវ័យ​មាន​បុរស​សង្ហា ហើយ​ខ្លាំងពូកែ​ម្នាក់​ទៅ​ចែចង់ ។ សេចក្តី​ស្រឡាញ់​ប្រតិព័ទ្ធ​របស់​ពួក​គេ​កាន់តែ​រីក ធំ​ឡើង​ៗ ចំពោះ​គ្នា ។ ដោយសារ​គូស្នេហ៍​នោះ​ភ័យ​ខ្លាច​ស្តេច​យក្ស​ដឹង​រឿង​សម្ងាត់​នេះ​របស់​ពួក​គេ​ក្នុង​ថ្ងៃ​ណាមួយ​នោះ ដូច្នេះ​ក៏​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​កាន់​ព្រៃ​ជ្រៅ ។ មិនយូរ​ប៉ុន្មាន ស្តេច​យក្ស​ដឹង​ពី​ស្ថានភាព​របស់​បុត្រី ព្រះ​អង្គ​សោកសង្រេង​យ៉ាង​ខ្លាំង​។ ដំបូង​ព្រះ​អង្គ​មាន​សេចក្តី​អាណិតអាសូរ​ដល់​បុត្រី ហើយ​បន្ទាប់​មក​ព្រះ​អង្គ​កោះ​ប្រជុំ​កងទ័ព​ដើម្បី​ស្វែងរក​បុត្រី​សំណព្វចិត្ត ។ នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​ទាំងមូល និង​នៅ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ទាំងឡាយ​ត្រូវ​ត្រួតពិនិត្យ​ដោយ​កងទ័ព​យក្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ពួក​គេ​មិន​ប្រទះ​ឃើញ​ដាន​របស់​នាង​ឡើយ ។ ទីបំផុត​ទៅ​ដល់​ព្រៃ​ក្រាស់​ដែល​ជាទី​តាំង​បឹង​យក្ស​ឡោម​សព្វ​ថ្ងៃនេះ​ក៏​ពុំ​ឃើញ​គូស្នេហ៍​នោះ​ដែរ ។ ស្តេច​យក្ស​សង្ស័យ​ថា​បុត្រី​ព្រះ​អង្គ​ប្រហែលជា​ស្ថិត​នៅ​ក្នុង​ព្រៃ​នោះ ដូច្នេះ​ព្រះ​អង្គ​បាន​ដាក់​ពង្រាយ​កងទ័ព​យ៉ាងច្រើន​ដើម្បី​ឡោម​ព័ទ្ធ​បរិវេណ​ព្រៃ​នោះ ។

 បន្ទាប់​មក​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​កងទ័ព​ទាំងអស់​ដក​ដើមឈើ ហើយ​ជីកដី​ក្នុង​បរិវេណ​នោះ​យ៉ាង​ជ្រៅ ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន ។ ពួក​កងទ័ព​បាន​នាំ​គ្នា​ជីក​រហូត​ទីនោះ​ក្លាយជា​ស្រះ​យ៉ាង​ធំ​បណ្តាល​ឱ្យ​ពួក​គេ​មានការ​ហត់នឿយ​យ៉ាង​ខ្លាំង ឯការ​ខិតខំ​ប្រឹងប្រែង​ក៏​ក្លាយជា​អត់​អំពើ ។ ទីបំផុត​ស្តេច​យក្ស​ក៏​បញ្ជា​ឱ្យ​កងទ័ព​ដក​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ​ទាំងអស់​ទៅ ។ រណ្តៅ​ដី​ដែល​កងទ័ព​យក្ស​បាន​ជីក​រួម​ទាំង​ការ​ដក​ដើមឈើរ​តូច​ធំ​ទាំង​ឫស ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​មិន​បាន​ជោគជ័យ​ដើម្បី​ស្វែងរក​បុត្រី​យក្ស​នោះ បាន​បន្សល់​ទុកជា​ស្រះ ឬ​បឹង​ជ្រៅ​មួយ​នៅ​ខេត្តរតនគិរី ។ ទាំងនេះ​ជា​ហេតុផល​អ្នកស្រុក​រតនគិរី ហៅ​ទីនោះ​ថា «​បឹង​យក្ស​ឡោម​» រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដោយ​ក្លា​យមក​ពី​ពាក្យ​ដើម​ថា «​យក្ស​ឡោម​ព័ទ្ធ​»​។ មានការ​និទានរឿង​បែប​ផ្សេង​ទៀត​ខុស​ពី​សេចក្តី​និទាន​មុន​នេះ​ថា មាន​មេទ័ព​យក្ស​មួយ​ព្យាយាម​ចាប់​កូនស្រី​របស់​ស្តេច​យក្ស​ដើម្បី​បំបែក​កូនស្រី​របស់​ស្តេច​យក្ស​ពី​គូស្នេហ៍​របស់​នាង ។ ពេល​នោះ​មេទ័ព​យក្ស​បាន​បញ្ជា​ឱ្យ​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ជាទី​ដែល​គូស្នេហ៍​លាក់ខ្លួន​ពួន​អាត្មា​នោះ ឯ​គូស្នេហ៍​នោះ​គិត​ថា គ្មាន​ផ្លូវ​នឹង​គេចខ្លួន​រួច​ឡើយ ។ ពួក​គេ​ទាំង​ពីរ​បាន​សម្រេចចិត្ត​សច្ចា​ប្រាថ្នា​បួងសួង​សូម​ឱ្យ​ព្រះធរណី​ស្រូប​ដើម្បី​បញ្ជាក់​ពី​សេចក្តី​ស្នេហា​បរិសុទ្ធ ស្មោះត្រង់​របស់​ពួក​គេ ។ ពួក​គេ​ក៏​ចាប់ផ្តើម​បន់ស្រន់​ដល់​អ្នកតា​ព្រៃ​ភ្នំ ព្រះ​មុនី​ឥសី និង​វត្ថុ​ស័​កិ្ត​សិទ្ធិ​ដែល​រក្សា​ទឹកដី​នេះ សូម​ឱ្យ​លោក​ជួយ​ឱ្យ​ទី​នេះ​ស្រុត​ចុះ​លិចទៅ​ក្នុង​ព្រះធរណី​ចុះ ដើម្បី​កុំឱ្យ​មាន​គេ​មក​ពង្រាត់​ពួក​គេ​ចេញពី​គ្នា ។ រំពេច​នោះ​តំបន់​ភ្នំ​ក៏​ស្រុត​លិច​ចុះ​ទៅ​ក្រោម​ព្រះធរណី​យ៉ាង​ឆាប់រហ័ស ដោយ​នាំ​យក​គូស្នេហ៍​នោះ​ទៅ​ជាមួយ​ផង​ដូច​បំណងប្រាថ្នា​មែន ។ មូលហេតុ​នេះ​ហើយ​ដែល​ទីតាំង​នោះ​ក្លាយទៅជា​ស្រះ​យ៉ាង​ជ្រៅ ហើយ​អ្នកស្រុក​ហៅ​ស្រះ​នោះ​ថា «​យក្ស​ឡោម​» មក​ពី​ពាក្យកាត់រ​បស់ពាក្យ «​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​»​នោះ​ឯង ។

 មានការ​ពន្យល់​មួយទៀត​ថា ប្រភព​ឈ្មោះ «​យក្ស​ឡោម​» នេះ​ផ្សេង​ទាំងស្រុង​ពី​រឿងនិទាន​ខាងលើ ហើយ​ទំនង​គួរ​ឱ្យ​ជឿ​ខ្លាំង​ណាស់ ។ រឿង​នោះ​និទាន​ថា​ពាក្យ «​យក្ស​» នៅ​ក្នុង​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ​មាន​ន័យ​ថា «​ប្រធាន ឬ​មេ​ភូមិ ឬ​មេកន្ទ្រាញ ឬ​ក៏​ម្ចាស់​ភូមិ​» ។ ពាក្យ «​ឡោម​» ជា​ឈ្មោះ​របស់​មនុស្ស​ដែល​ជា​អតីត​ជា​ម្ចាស់​គ្រប់គ្រង​នៅ​តំបន់​នោះ ។ ព្រោះ​ហេតុ​ដូច្នេះ​ពាក្យ «​យក្ស​ឡោម​» គឺជា​ការ​រំឭក​និង​គោរព​ដល់​ព្រលឹង ឬ​វិញ្ញាណក្ខន្ធ​នៃ​មេដឹកនាំ​ជំនាន់​មុន​របស់​ពួក​គេ​មានឈ្មោះ​ថា «​ឡោម​» ដែល​ធ្លាប់​គ្រប់គ្រង​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ជុំវិញ​បឹង​នោះ ឱ្យ​រស់នៅ​ក្នុង​សុភមង្គល និង​ភាព​សុខដុម រម​នា​ជា​យូរ​មក​ហើយ ។ 

 បច្ចុប្បន្ន បឹង​យក្ស​ឡោម​កំពុង​ស្រូប​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ហើយ​មានការ​កើន​ឡើងជា​លំដាប់ ។ ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​ងាយស្រួល ក្នុង​ឆ្នាំ​២០១៥​នេះ អ្នកទេសចរ​ជាតិ​កើនឡើង ប្រមាណ​៥% និង​អ្នកទេសចរ​អន្តរជាតិ​៣% បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេ​ណ ជឺ​ក ប្រធាន​សមាគម​គ្រប់គ្រង​រមណីយដ្ឋាន​បឹង​យក្ស​ ឡោម ៕

 Source: https://kohsantepheapdaily.com.kh/article/author/bopha