បច្ចុប្បន្ននេះដីដុះរលួសធំក្នុងខេត្តឧត្ដរមានជ័យបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ដោយសារមានដីច្រោះរំលេចចេញជាទស្សនីយភាពប្លែកៗគួរឲ្យចាប់អារម្មណ៍រហូតក្រសួងកំពុងអភិវឌ្ឍជាតំបន់ទេសចរប្រវត្តិសាស្ត្រទៀតផង។
ដោយឡែកកាលពីថ្មីៗនេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បានប្រទះឃើញតំបន់១ មានដីដុះបញ្ចេញក្បូរក្បាច់ប្លែកៗ នៅជាប់ៗគ្នាលើផ្ទៃដីដ៏ធំ នៅក្បែរជើងភ្នំតូច-ធំ គួរឲ្យចាប់អារម្មណ៍បំផុត។ បើតាម លោក ស៊ិន សាវន ជាគ្រូបង្រៀន ក្នុងខេត្តកំពង់ស្ពឺ ទើបតែបានទៅតំបន់នោះ បានប្រាប់ Sabay តាមទូរសព្ទថា ដីច្រោះដ៏អស្ចារ្យនោះ ស្ថិតនៅភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកថា នៅទីនោះមានទេសភាពស្អាតខ្លាំងកម្របានឃើញ មានដើមឈើតូចៗ ដុះតាមជម្រាលភ្នំខ្ពស់ទាប ពណ៌ខៀវខ្ចី។
អ្វីដែលភ្ញាក់ផ្អើលគឺដីដុះ ដែលកើតឡើងដោយសារ ទឹកហូរចេញពីកំពូលភ្នំនានា បានពាំនាំដីទាំងនោះបង្កើតឲ្យក្លាយជាទិដ្ឋភាពដ៏ប្លែក ប្រៀបដូចជាប្រាង្គប្រាសាទដូច្នោះដែរ។ ប្រសិនបើបានទៅដល់ប្រាកដជារំភើបនឹងសម្រស់ធម្មជាតិ និងខ្យល់អាកាសដ៏បរិសុទ្ធផងនោះ ប្រាកដជារំសាយអស់នូវរាល់ទុក្ខកង្វល់ផ្សេងៗ។
ប្រសិនបើចង់ទៅដល់ទីតាំងនោះ ត្រូវធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤ ប្រមាណ៧០គីឡូម៉ែត្រហួសផ្សារត្រពាំងក្រឡឹងបន្តិច ប្រិយមិត្តនឹងឃើញខ្លោងទ្វារវត្តព្រៃរមៀត នៅខាងស្ដាំដៃ។ ចូលតាមខ្លោងទ្វារវត្តនោះទៅត្រង់រហូត ប្រមាណជាង២០គីឡូម៉ែត្រ នឹងទៅដល់សាលាឃុំក្រាំងដីវ៉ាយ។ សាកសួរមន្ត្រីសាលាឃុំបន្ថែម ប្រិយមិត្តប្រាកដជាទៅដល់តំបន់នោះ ដោយមិនពិបាករកឡើយ៕
អត្ថបទ៖ Sabay News
No comments:
Post a Comment