ព្រះរាជចេតិយ ព្រះនាងវរភ័ក្ត្រ ឬ ព្រះនាងក្រពុំឈូក ដែលស្ថិតនៅក្នុងវត្តសសរ១០០ នាត្រើយខាងកើតទន្លេមេគង្គ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ល្បីល្បាញថា ពូកែស័ក្ដិសិទ្ធិណាស់ សូម្បីអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ក៏ធ្លាប់យាងទៅបន់ស្រន់ទីនោះ សុំឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង បានសម្រេចនៅឆ្នាំ១៩៥៣ផងដែរ។
ព្រះរាជចេតិយ ព្រះនាងវរភ័ក្ត្រ ឬ ព្រះនាងក្រពុំឈូក
ចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ សម្ដេចព្រះ នរោត្តម សីហនុ ធ្លាប់យាងទៅបន់ស្រន់នៅព្រះរាជចេតិយនេះ ដើម្បីសុំឲ្យប្រទេសកម្ពុជា រួចផុតពីអាណានិគមបារាំង ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់ព្រះអង្គ ពិតជាទទួលបានជោគជ័យដ៏ធំធេង ជាប្រវត្តិសាស្តមែន។

“ក្រោយទទួលបានឯករាជ្យពីបារាំងហើយ សម្ដេចសីហនុ ក៏មិនភ្លេចមកលាបំណន់ចេតិយនេះដែរ។ ព្រះអង្គបានមកជួយស្ថាបនាចេតិយនេះជាថ្មី និងសម្ពោធនៅឆ្នាំ១៩៥៦។ បន្ទាប់ពីរបប ប៉ុល ពត ព្រះវិហារសសរ១០០ និងចេតិយព្រះនាងក្រពុំឈូក បានខូចខាតយ៉ាងខ្លាំង ហើយក្រោយមកទើបព្រះគ្រូចៅអធិការ ពុទ្ធបរិស័ទ ព្រមទាំងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល បានកសាងជាថ្មីទៀត និងដាក់សម្ពោធបញ្ចុះសីមា នៅឆ្នាំ១៩៩៧”។ តាអាចារ្យ វ័យ៧១ឆ្នាំ បានបញ្ជាក់។
ចេតិយព្រះនាងក្រពុំឈូក ត្រូវបានព្រះបាទអង្គចន្ទរាជា (បិតារបស់ព្រះនាង) កសាងឡើងនៅឆ្នាំ១៥២៩ ហើយព្រះរាជចេតិយនេះក្រោយមក ក៏មានបញ្ចុះព្រះរាជអដ្ឋិធាតុព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារចៅ
ពញាតូ ព្រះនាងព្រះម៉ែយួបុប្ភាវតី និងព្រះធាតុ ព្រះរាជវង្សានុវង្សជាច្រើនអង្គទៀត៕
ព្រះវិហារវត្តសសរ១០០
អត្ថបទ៖ វិន ជីវ័ន្ត
No comments:
Post a Comment